Revelation of John 12

1មានទីសំគាល់មួយយ៉ាងធំលេចមកនៅលើមេឃ​គឺ​មាន​ស្រ្ដីម្នាក់ស្លៀកពាក់ព្រះអាទិត្យហើយ​មាន​លោកខែ​នៅ​ក្រោមជើង​ក៏​មាន​ផ្កាយដប់ពីរ​ធ្វើ​ជា​មកុដ​នៅ​លើក្បាល 2នាងមានផ្ទៃពោះហើយស្រែកឡើង​ដោយ​ឈឺចាប់​ហៀប​នឹង​សម្រាលកូន 3ហើយមាន​ទីសំគាល់​មួយ​ទៀតលេចមកនៅលើមេឃ​គឺ​មាន​នាគក្រហមមួយយ៉ាងធំមានក្បាលប្រាំពីរនិងស្នែងដប់ហើយ​នៅ​លើក្បាល​របស់​វា​មាន​មកុដប្រាំពីរ 4រីឯកន្ទុយ​របស់​វា​បាន​ទាញផ្កាយ​នៅ​លើ​មេឃមួយ​ភាគ​បីគ្រវែងមកលើផែនដី។ ​នាគនោះ​បាន​ឈរនៅ​ពី​មុខស្រ្ដីដែលហៀបនឹងសម្រាលកូន​នោះ​ដើម្បីស៊ីកូន​របស់​នាងពេល​នាង​សម្រាល​កូន​នោះមក 5នាងសម្រាលបានកូន​ប្រុស​មួយដែលនឹងគ្រប់គ្រងជនជាតិទាំងអស់ដោយដំបងដែកប៉ុន្ដែកូន​របស់​នាង​ត្រូវ​បាន​លើកឡើងទៅដល់ព្រះជាម្ចាស់និងបល្ល័ង្ករបស់ព្រះអង្គ 6ស្រ្ដីនោះ​បាន​រត់គេចទៅឯទីរហោឋាន​ជា​កន្លែង​ដែលព្រះជាម្ចាស់​បាន​រៀបចំ​ទុក​ឲ្យ​នាងដើម្បីចិញ្ចឹមនាង​នៅ​ទីនោះ​រយៈពេល​មួយពាន់ពីររយហុកសិបថ្ងៃ 7ពេលនោះ​មានចំបាំងកើតឡើងនៅលើមេឃ​គឺ​មីកែលនិង​ពួក​ទេវតា​របស់​មីកែលច្បាំងនឹងនាគហើយនាគនិង​ពួក​ទេវតា​របស់​ពួកវា​ក៏​ច្បាំងតប​វិញ​ដែរ 8ប៉ុន្ដែពួកវា​មិន​បាន​ឈ្នះទេ​ហើយ​ក៏​មិន​ឃើញ​មាន​កន្លែងណា​សម្រាប់​ពួកវានៅលើមេឃទៀតដែរ 9នោះនាគដ៏ធំនោះ​ត្រូវ​បាន​ទម្លាក់​ចុះ​មក​គឺ​ជា​ពស់​ពី​បុរាណដែលហៅថាមេអារក្ស​ផង​និងសាតាំង​ផង​ជា​អ្នក​ដែលនាំ​ឲ្យ​មនុស្ស​នៅ​លើ​ផែនដីទាំងមូលវង្វេង​វា​ត្រូវ​បាន​ទម្លាក់​ចុះ​មកផែនដីហើយ​ពួក​ទេវតា​របស់​វា​ក៏​ត្រូវ​បាន​ទម្លាក់​ចុះ​មកជាមួយវា​ដែរ 10រួចខ្ញុំ​បាន​សំឡេងមួយយ៉ាងខ្លាំងនៅ​លើ​មេឃបន្លឺ​ឡើង​ថា៖ ​«ឥឡូវនេះសេចក្ដីសង្គ្រោះអំណាចនិងរាជ្យ​របស់​ព្រះជាម្ចាស់​នៃ​យើងព្រមទាំងសិទ្ធិអំណាចរបស់​ព្រះ​គ្រិស្ដ​របស់​ព្រះអង្គ​បាន​មក​ដល់​ហើយដ្បិតអ្នកចោទប្រកាន់បងប្អូន​របស់​យើង​ត្រូវ​បាន​ទម្លាក់​ចុះ​មក​គឺ​វា​នោះ​ហើយ​ដែល​ចោទប្រកាន់ពួកគេនៅចំពោះព្រះជាម្ចាស់​របស់​យើង​ទាំង​យប់ទាំងថ្ងៃ 11ពួកគេបាន​ឈ្នះវាដោយសារឈាមរបស់កូនចៀមនិងដោយសារពាក្យនៃ​សេចក្ដី​បន្ទាល់​របស់​ពួកគេ​ដ្បិត​ពួកគេ​មិន​បាន​ស្រលាញ់ជីវិត​របស់​ខ្លួនរហូតដល់ស្លាប់ 12ហេតុនេះឱ​ស្ថានសួគ៌និង​អស់​អ្នកដែលនៅស្ថាននោះ​អើយ! ​ចូរ​អរសប្បាយឡើង​ប៉ុន្ដែ​វេទនា​ដល់​ផែនដីនិងសមុទ្រ​វិញ​ព្រោះអារក្សសាតាំង​បាន​ចុះមកអ្នករាល់គ្នា​ទាំង​មានកំហឹងជាខ្លាំង​ដោយ​ដឹងថា​វា​មានពេលវេលា​តែ​បន្ដិច​ទេ»។ 13នៅពេលនាគឃើញថា​វា​ត្រូវ​បាន​ទម្លាក់​ចុះ​មកផែនដី​ដូច្នេះ​វា​ក៏​បៀតបៀនស្រ្ដីដែល​បាន​សម្រាល​កូន​ប្រុស​នោះ។ 14ប៉ុន្ដែស្រ្ដីនោះ​បាន​ទទួលស្លាបពីររបស់សត្វឥន្ទ្រីដ៏ធំដើម្បីឲ្យ​នាង​អាច​ហើរទៅឯទីរហោឋាន​ជា​កន្លែង​របស់​នាងដែលនាង​នឹង​ទទួល​បាន​ការ​ចិញ្ចឹម​ក្នុង​រយៈ​ពេល​មួយឆ្នាំពីរឆ្នាំ​និង​កន្លះឆ្នាំ​ផុត​ពីមុខ​សត្វ​ពស់​នោះ។ 15ពស់នោះ​បាន​ព្រួសទឹក​ចេញ​ពីមាត់​របស់​វាមកដូចជាទន្លេតាម​ពី​ក្រោយស្រ្ដី​នោះ​ដើម្បីធ្វើឲ្យនាងរសាត់​ទៅតាម​ទឹកជំនន់ 16ប៉ុន្ដែផែនដី​បាន​ជួយស្រ្ដីនោះ​គឺ​ផែនដី​បាន​ហាមាត់ហើយលេបទន្លេដែលនាគនោះ​បាន​ព្រួស​ចេញ​ពីមាត់វាមក 17ដូច្នេះនាគ​ក៏​ខឹងនឹងស្រ្ដីនោះជាខ្លាំងហើយ​ក៏​ចេញទៅច្បាំងជាមួយនឹងកូនចៅ​ឯ​ទៀតៗ​របស់​នាង​ដែល​កាន់តាមបញ្ញត្ដិ​របស់​ព្រះជាម្ចាស់និងមាន​សេចក្ដី​បន្ទាល់​របស់​ព្រះ​យេស៊ូ 18បន្ទាប់មកវា​ក៏​ឈរ​នៅ​លើខ្សាច់សមុទ្រ
Copyright information for KhmKCB